ក្រុមហ៊ុន Indus Motor Company ទទួលបានពានរង្វាន់ឧត្តមភាពផ្នែកបរិស្ថានលើកទី 15 ប្រចាំឆ្នាំ 2018

ក្រុមហ៊ុន Indus Motor Company (IMC) បានទទួលពានរង្វាន់ឧត្តមភាពផ្នែកបរិស្ថានលើកទី 15 ប្រចាំឆ្នាំ 2018 (AEEA) នៅសន្និសីទប្រចាំឆ្នាំស្តីពីបរិស្ថាន ឆ្នាំ 2018 ដែលបានប្រារព្ធធ្វើឡើងនៅក្រុងការ៉ាជីកាលពីថ្ងៃទី 17 ខែកក្កដាកន្លងមកនេះ។

ព្រឹត្តិការណ៍នេះត្រូវបានដាក់បញ្ចូលជាមួយគ្នាដោយអង្គការវេទិកាជាតិសម្រាប់បរិស្ថាន (NFEH) ដែលជាអង្គការមិនរកប្រាក់ចំណេញមួយដែលផ្តោតលើការសម្របសម្រួលនិងលើកកម្ពស់ការយល់ដឹងស្តីពីបរិស្ថាន ការថែទាំសុខភាពនិងការអប់រំក្នុងចំណោមមហាជននៅក្នុងប្រទេសប៉ាគីស្ថាន។

ដោយបានទទួលស្គាល់ថាជាអង្គការមួយក្នុងចំណោមអង្គការកំពូលៗទាំង 10 នៅក្នុងប្រទេសប៉ាគីស្ថានសម្រាប់ដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សបរិស្ថាន ពានរង្វាន់នេះដែលបានឈ្នះដោយ IMC បានគូសបញ្ជាក់ពីចក្ខុវិស័យ និងការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិរក្សបរិស្ថាននិងកម្មវិធីការងារសង្គមរបស់ក្រុមហ៊ុនជាច្រើន។ IMC ក៏បានទទួលពានរង្វាន់ទទួលស្គាល់ជាពិសេសសម្រាប់បទបង្ហាញដ៏ល្អបំផុតនៃការការជ្រើសរើសជាបេក្ខជននៃពាន AEEA 2018។

លោក Ali Asghar Jamali នាយកប្រតិបត្តិនៃក្រុមហ៊ុន Indus Motor Company បានមានប្រសាសន៍ថា៖ “យើងមានកិត្តិយសដែលទទួលបានការទទួលស្គាល់ដោយ NFEH។ សមិទ្ធផលនេះមិនត្រឹមតែនាំមកឱ្យយើងនូវសេចក្តីត្រេកអរប៉ុណ្ណោះទេតែថែមទាំងផ្តល់អំណាចនិងជំរុញលើកទឹកចិត្តឱ្យយើងឈានទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងផ្តោតលើបរិស្ថាន ដោយបង្កើនអនុភាព។ វាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដាក់បញ្ចូលការអនុវត្តន៍ល្អបំផុតទៅក្នុងប្រតិបត្តិការរបស់យើង ហើយអនុញ្ញាតឱ្យយើងធ្វើជាគំរូដ៏ល្អមួយសម្រាប់អ្នកដទៃអនុវត្តតាម។” ពានរង្វាន់នេះត្រូវបានប្រគល់ជូនបន្ទាប់ពីការវាយតម្លៃ និងការព្រមព្រៀងគ្នាឯកភាពជាឯកច្ឆន្ទរបស់គណៈកម្មការវិនិច្ឆ័យដែលមានសមាសភាពមន្ត្រីក្នុងជួររដ្ឋាភិបាល និងឥស្សរជនរបស់ក្រុមហ៊ុន។