ភាពជាដៃគូរវាង WWF​ និង​ TOYOTA ពង្រីកកិច្ចខិតខំប្រឹងប្រែងអភិរក្សដល់ប្រទេសថៃ ក្នុងជំហានឆ្ពោះទៅរកសង្គមគ្មានឧស្ម័នកាបូនិចត្រឹមឆ្នាំ 2050

ជីវចម្រុះរបស់ប្រទេសថៃ

ក្នុងជំហានឆ្ពោះទៅរកសង្គមគ្មានឧស្ម័នកាបូនិចត្រឹមឆ្នាំ 2050 ក្រុមហ៊ុន Toyota ពង្រីកភាពជាដៃគូរបស់ខ្លួនជាមួយអង្គការ WWF ដើម្បីដាក់បញ្ចូលកិច្ចខិតខំប្រឹងប្រែងអភិរក្សនៅប្រទេសថៃ។ ស្ថិតនៅចន្លោះតំបន់ជីវភូមិសាស្ត្រធំៗពីរ ពោលគឺតំបន់ឥណ្ឌូចិនភាគខាងជើង និងតំបន់ស៊ុនដាឡាន់ភាគខាងត្បូង ថៃគឺជាប្រទេសដែលមានជីវចម្រុះច្រើនបំផុតមួយក្នុងពិភពលោក។ គួរឱ្យសោកស្ដាយ ពូជសត្វជាច្រើនស្ថិតក្នុងដំណាក់កាលងាយនឹងផុតពូជ។ យោងតាមអនុសញ្ញាស្ដីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិ (UN)1 ពូជសត្វដែលរងការគំរាមកំហែងនៅប្រទេសថៃមាន ថនិកសត្វ​ 121 ប្រភេទ បក្សី 184 ប្រភេទ ល្មូន 33 ប្រភេទ បណ្ឌុកសត្វ (ពពួកកង្កែប) 5 ប្រភេទ ត្រី 218 ប្រភេទ និងរុក្ខជាតិមិនតិចជាង 1,131 ប្រភេទទេ។ ការគំរាមកំហែងចម្បងៗកើតចេញពីការលួចបរបាញ់ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ដោយសារការពង្រីកដីធ្វើកសិកម្ម ការនេសាទលក្ខណៈបំផ្លាញ និងការរំខានដោយសកម្មភាពដឹកជញ្ជូន និងទេសចរណ៍នានា។

កិច្ចខិតខំប្រឹងប្រែងអភិរក្សក្រោមភាពជាដៃគូរវាង WWF និង Toyota Motor Corporation បានឈានដល់ឧទ្យានកែងក្រច័ន្ទ និងគួយបូរីក្នុងប្រទេសថៃនៅឆ្នាំ 2018។ យើងមានគោលដៅកែលម្អប្រព័ន្ធឃ្លាំមើលសត្វខ្លា និងសត្វព្រៃផ្សេងទៀតដែលកំពុងរស់នៅក្នុងតំបន់ព្រៃអភិរក្ស។ ឧទ្យានជាតិកែងក្រច័ន្ទ និងគួយបូរីគឺជាផ្នែកមួយនៃបណ្ដុំព្រៃកែងក្រច័ន្ទ និងគួយបូរី ដែលលាតសន្ធឹងលើផ្ទៃដីទំហំជាង 3,000 គីឡូម៉ែត្រការ៉េនៅភាគខាងត្បូងនៃតំបន់ទេសភាពដាវណា និងថេណាសិរីម (DTL) ដែលជាចំណុចសនៃព្រំដែនថៃ និងមីយ៉ាន់ម៉ា។ បណ្ដុំព្រៃជីវចម្រុះនេះបានជាប់ឈ្មោះជាសម្បត្តិបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូ។

មានតាំងពីកាមេរ៉ាបង្កប់ រហូតដល់ការស្រាវជ្រាវ និងការអនុវត្ត

កាមេរ៉ាបង្កប់ ឬគេច្រើនស្គាល់ថាជាកាមេរ៉ាឃ្លាំមើល ត្រូវបានដាក់ពង្រាយដើម្បីស្ទង់ចំនួនសត្វខ្លា សត្វជាចំណីរបស់វា និងពូជថនិកសត្វផ្សេងទៀតក្នុងឧទ្យានជាតិកែងក្រច័ន្ទ និងគួយបូរី។ កាមេរ៉ាដែលដំណើរការដោយពន្លឺអាំងហ្វ្រាដែលមានលក់ជាទូទៅដំណើរការដោយមានការរំខានតិចតួចបំផុតពីមនុស្ស។

កាមេរ៉ាដែលអាចបើកឱ្យដំណើរការពីចម្ងាយបែបនេះចំនួន 120 គ្រឿងត្រូវបានដំឡើងនៅទូទាំងឧទ្យានជាតិទាំងពីរ។ កាមេរ៉ាទាំងនេះផ្ដល់នូវព័ត៌មានដ៏សំខាន់អំពីចំនួន និងការចែកចាយពូជសត្វដែលរងការគំរាមកំហែង។ អ្នកស្រាវជ្រាវធ្វើការវិភាគ ហើយបង្កើតគម្រោងអភិរក្ស ដើម្បីជួយដល់ការអភិរក្ស និងការស្រោចស្រង់ពូជសត្វនានាដោយប្រើទិន្នន័យពីកាមេរ៉ាបង្កប់។

ដំណឹងល្អគឺថា កាមេរ៉ាបង្កប់ទាំងនេះថតបានរូបភាពសត្វខ្លារខិន ខ្លាឃ្មុំខ្មៅអាស៊ី ខ្ទីង និងពង្រូលកាលពីឆ្នាំមុន។ គេបានប្រទះឃើញសត្វខ្លាពីរក្បាលនៅឧទ្យានជាតិកែងក្រច័ន្ទ ហើយដានជើងក៏លេចមានជាថ្មីផងដែរនៅឧទ្យានជាតិគួយបូរីនៅដើមឆ្នាំ 2019 បន្ទាប់ពីបាត់វត្តមានពួកវាអស់រយៈពេលប្រាំពីរឆ្នាំ។

កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្រោមភាពជាដៃគូនេះកំពុងបង្ហាញលទ្ធភាពមួយចំនួនដែលលើកទឹកចិត្តដល់ការអភិរក្សជីវចម្រុះក្នុងព្រៃត្រូពិចទំនាបនៃតំបន់ទេសភាពដាវណា និងថេណាសិរីម។

ភាពជាដៃគូរបស់ក្រុមហ៊ុន Toyota ជាមួយអង្គការ WWF

នៅខែកក្កដា ឆ្នាំ 2016 ក្រុមហ៊ុន Toyota Motor Corporation បានចាប់ផ្ដើមកិច្ចព្រមព្រៀងភាពជាដៃគូក្រុមហ៊ុនជាសកលជាមួយអង្គការ World Wide Fund for Nature (WWF) (WWF)។ នេះជាក្រុមហ៊ុនផលិតរថយន្តដំបូងគេ និងជាក្រុមហ៊ុនសាជីវកម្មរបស់ជប៉ុនដំបូងបំផុតដែលបង្កើតភាពជាដៃគូនេះឡើងជាមួយអង្គការ WWF។ ភាពជាដៃគូនេះគឺជាគំនិតផ្ដួចផ្ដើមមួយស្របតាមគម្រោង Living Asian Forest Project របស់ក្រុមហ៊ុន Toyota Motor Corporation ដែលមានគោលដៅអភិរក្សតំបន់ព្រៃត្រូពិចនៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Toyota Motor Corporation បានសន្យាផ្ដល់ជំនួយប្រចាំឆ្នាំជាទឹកប្រាក់ 1 លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់ការអភិរក្សជីវចម្រុះ និងទប់ទល់ជាមួយការប្រែប្រួលអាកាសធាតុក្នុងភាពជាដៃគូដែលមានរយៈពេលប្រាំឆ្នាំ។ ភាពជាដៃគូនេះបានពង្រីកទៅដល់ប្រទេសថៃហើយ ដោយដំបូងឡើយបានផ្ដោតលើកោះបរនេអូ (កាលីម៉ាន់តាន់) និងកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី។

ក្រុមហ៊ុន Toyota Motor Corporation ប្ដេជ្ញាបង្កើតសង្គមគ្មានឧស្ម័នកាបូនិចត្រឹមឆ្នាំ 2050។ គម្រោង Toyota Environmental Challenge 2050 មានគោលដៅតូចៗចំនួនប្រាំមួយដែលជួយតម្រែតម្រង់ផ្លូវនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Toyota Motor Corporation ឆ្ពោះទៅគោលដៅធំបំផុតនៅឆ្នាំ 2050។ គម្រោង Living Asian Forest Project ដែលផ្ដោតលើកិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានដូចជាភាពជាដៃគូនេះជាដើម គឺជាមែកធាងមួយនៃគម្រោង Toyota Environmental challenge 2050 ។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Toyota Environmental Challenge 2050 របស់ក្រុមហ៊ុន https://global.toyota/en/sustainability/esg/challenge2050/, និង https://www.wwf.or.jp/campaign/lafp/english/ សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Living Asian Forest Project របស់អង្គការ WWF។ .  

ឯកសារយោង
1 Convention of Biological Diversity. (n.d.). Thailand – Main Details។ បានទាញយកពី https://www.cbd.int/countries/profile/?country=th


ក្រុមហ៊ុន Toyota នឹងគាំទ្រគម្រោង Living Asian Forest Project ដែលជាស៊េរីថ្មីនៃសកម្មភាពដែលបានគ្រោងរៀបចំ និងមានស្រាប់របស់អង្គការ WWF ដើម្បីអភិរក្សព្រៃត្រូពិច និងសត្វព្រៃនៅអាស៊ីអាគ្នេយ៍។ © WWF

គម្រោង Living Asian Forest Project

ត្រឡប់ទៅអត្ថបទទាំងអស់វិញ