អង្គការ IUCN និងក្រុមហ៊ុន Toyota បានសហការគ្នាការពារប្រភេទដែលជិតផុតពូជ

ការការពារប្រភេទដែលជិតផុតពូជគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវចម្រុះ

នៅក្នុងឆ្នាំ 2016 Toyota Motor Corporation បានប្រកាសអំពីភាពជាដៃគូរយៈពេលប្រាំឆ្នាំជាមួយ International Union for Conservation of Nature (IUCN) ដើម្បីបង្កើនចំណោះដឹងអំពីហានិភ័យនៃការផុតពូជរបស់ប្រភេទជាង 28,000 ប្រភេទ ដែលភាគច្រើននៃប្រភេទទាំងនោះគឺជាប្រភពអាហារដ៏សំខាន់សម្រាប់មនុស្ស។

ភាពជាដៃគូរវាងក្រុមហ៊ុន Toyota និងអង្គការ IUCN ដោះស្រាយគម្លាតដ៏សំខាន់នៅក្នុង IUCN Red List of Threatened Species™ តាមរយៈការវាយតម្លៃប្រភេទដូចជា ផ្សិត ពីងពាង ដើមឈើ ត្រីសាឌីន និងបង្កួយជាដើម។ សកម្មភាពនេះគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ IUCN ក្នុងឃ្លាំមើលគោលដៅទី 15 នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិស្ដីពីជីវិតនៅលើដី។ សកម្មភាពនេះក៏នឹងកែលម្អទិន្នន័យដែលបានប្រើដោយអ្នកបង្កើតគោលការណ៍ និងអ្នករៀបចំគម្រោងបរិស្ថាន ដើម្បីណែនាំអំពីការសម្រេចចិត្តនាពេលអនាគត និងកែលម្អសកម្មភាពអភិរក្សផងដែរ។ ភាពជាដៃគូនេះបានបង្កើនតួនាទីនៃបញ្ជីក្រហមរបស់អង្គការ IUCN ស្រាប់ហើយ តាមរយៈការចែកចាយប្រព័ន្ធផ្អែកលើបណ្ណាញថ្មី ដែលកែលម្អសិទ្ធិចូលប្រើទិន្នន័យអភិរក្សសំខាន់ៗជាសាធារណៈ។

ភាពជាដៃគូជាមួយអង្គការ IUCN គឺជាគំនិតផ្ដួចផ្ដើមស្ថិតក្នុងបញ្ហាប្រឈមមួយនៃបញ្ហាប្រឈមទាំងប្រាំមួយរបស់គម្រោង Toyota Environmental Challenge 2050 ដោយបង្កើតសង្គមនាពេលអនាគតប្រកបដោយសុខដុមរមនាជាមួយធម្មជាតិ។ បញ្ហាប្រឈមនេះគឺពាក់ព័ន្ធនឹងការផ្សារភ្ជាប់សកម្មភាពអភិរក្សធម្មជាតិនៅក្នុងក្រុមហ៊ុន Toyota ទៅកាន់ពិភពលោក និងអនាគត។

លោក Didier Leroy ដែលជាអនុប្រធានប្រតិបត្តិ Toyota Motor Corporation បានមានប្រសាសន៍ថា “នៅពេលដោះស្រាយការគំរាមកំហែងចំពោះបរិស្ថានសកល ការចាត់វិធានការឱ្យបានឆាប់រហ័ស និងប្រកបដោយទំនុកចិត្តតាមរយៈជំហានជាក់ស្ដែង ដែលនឹងធ្វើឱ្យមានការផ្លាស់ប្ដូរដល់ការរស់នៅរបស់ប្រជាជនគឺជារឿងសំខាន់។ យើងបានដោះស្រាយការគំរាមកំហែងនេះនៅក្នុងឆ្នាំ 1997 ជាមួយរថយន្ត Prius និងនៅក្នុងឆ្នាំ 2014 ជាមួយ MIRAI ដែលប្រើឥន្ធនៈអ៊ីដ្រូសែន។ ប៉ុន្តែការការពារបរិស្ថានមិនមែនគ្រាន់តែផ្ដោតលើឧស្ម័ន CO2 និងការសាយភាយប៉ុណ្ណោះទេ៖ ជីវចម្រុះក៏មានសារៈសំខាន់ស្មើនឹងជីវិតមនុស្សដែរ”។ “តាមរយៈការចុះកិច្ចព្រមព្រៀងលើភាពជាដៃគូជាមួយអង្គការ IUCN យើងមានមោទកភាពយ៉ាងខ្លាំងក្នុងការចាត់វិធានការបន្ថែមចំពោះបញ្ហាប្រឈម ដើម្បីបង្កើតសង្គមនាពេលអនាគតប្រកបដោយសុខដុមរមនាជាមួយធម្មជាតិ”។

វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រអង្គការ IUCN និងអង្គការផ្សេងទៀតក្នុងការបញ្ចៀសការធ្លាក់ចុះនៃជីវចម្រុះ។ ភាពជាដៃគូនេះបង្ហាញពីតួនាទីនៃភាពជាអ្នកដឹកនាំដ៏សំខាន់ដែលក្រុមហ៊ុន Toyota កំពុងដើរតួ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបាត់បង់ជីវចម្រុះ។

សម្រាប់ព័ត៌មានបន្ថែមអំពីភាពជាដៃគូរវាងក្រុមហ៊ុន Toyota និងអង្គការ IUCN សូមចូលទៅកាន់ https://www.iucnredlist.org/about/iucn-toyota


ក្រុមហ៊ុន Toyota នឹងគាំទ្រអង្គការ IUCN ក្នុងការដោះស្រាយគម្លាតដ៏សំខាន់នៅក្នុង IUCN Red List of Threatened Species™ និងកែលម្អទិន្នន័យដែលបានប្រើនៅក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្ស។ © IUCN

The IUCN Red List of Threatened Species™