តូក្យូ៖ Toyota Motor Corporation (TMC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសាជីវកម្មសកលរយៈពេលប្រាំឆ្នាំជាមួយ World Wide Fund for Nature (WWF) ដែលពាក់ព័ន្ធនឹងការសន្យាផ្ដល់ទឹកប្រាក់ចំនួន US$ 1 លានជារៀងរាល់ឆ្នាំ ក្នុងការគាំទ្រដល់ការអភិរក្សជីវចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ក្រុមហ៊ុន Toyota គឺជាក្រុមហ៊ុនផលិតរថយន្ត និងជាក្រុមហ៊ុនជប៉ុនដំបូងគេ ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះបានចូលជាធរមាននៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2016។
ភាពជាដៃគូជាមួយអង្គការ WWF គឺជាគំនិតផ្ដួចផ្ដើមស្ថិតក្នុងបញ្ហាប្រឈមមួយនៃបញ្ហាប្រឈមទាំងប្រាំមួយរបស់គម្រោង Toyota Environmental Challenge 2050 ដោយបង្កើតសង្គមនាពេលអនាគតប្រកបដោយសុខដុមរមនាជាមួយធម្មជាតិ។ បញ្ហាប្រឈមនេះគឺពាក់ព័ន្ធនឹងការផ្សារភ្ជាប់សកម្មភាពអភិរក្សធម្មជាតិនៅក្នុងក្រុមហ៊ុន Toyota ទៅកាន់ពិភពលោក និងអនាគត។
ទឹកប្រាក់ជំនួយប្រចាំឆ្នាំចំនួន US $1 លានពីក្រុមហ៊ុន Toyota ត្រូវបានបញ្ជូនទៅគម្រោង Living Asian Forest Project របស់អង្គការ WWF។ គម្រោង Living Asian Forest Project ផ្ដោតលើការអភិរក្សតំបន់ព្រៃត្រូពិច និងសត្វព្រៃនៅអាស៊ីអាគ្នេយ៍។ គម្រោងនេះរួមមានការស្រាវជ្រាវជីវសាស្ត្រ ការស្ដារព្រៃ និងការតស៊ូមតិ ដើម្បីបង្កើនផលិតកម្មប្រកបដោយនិរន្តរភាព និងការទទួលបានផលិតផលព្រៃឈើ (ឧ. ឈើ ក្រដាសឡាំង ប្រេងដូង និងជ័រធម្មជាតិ) និងការចូលរួមគំនិតផ្ដួចផ្ដើមនៃគោលដៅផ្ដោតលើវិទ្យាសាស្ត្រ ដែលមានបំណងជួយក្រុមហ៊ុនក្នុងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះអនុវត្តនៅក្នុងខេត្ត Borneo (Kalimantan) និងខេត្ត Sumatra ក្នុងប្រទេសឥណ្ឌូណេស៊ី និងតំបន់ទន្លេមេគង្គដែលគ្របដណ្ដប់លើប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម។
លោក Didier Leroy ដែលជាអនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Toyota បានមានប្រសាសន៍ថា “នៅពេលយើងចាប់ផ្ដើមធ្វើការលើសកម្មភាពជាក់ស្ដែង ដើម្បីសម្រេចបានគម្រោង Toyota Environmental Challenge 2050 យើងបានសម្រេចចិត្តថាការសហការគ្នាជាមួយអង្គការក្រៅរដ្ឋាភិបាលដែលជាអ្នកជំនាញក្នុងវិស័យរបស់ពួកគេគឺជារឿងសំខាន់”។ “ភាពជាដៃគូរបស់យើង និងគម្រោងដូចជា Living Asian Forest Project គឺស្ថិតនៅក្នុងចំណោមវិធីដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ក្រុមហ៊ុនដូចជាក្រុមហ៊ុនរបស់យើង ដើម្បីធ្វើឱ្យមានផលជាវិជ្ជមាន និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមបុគ្គលិក ក្រុមហ៊ុនផ្គត់ផ្គង់ និងអតិថិជនរបស់យើងអំពីសារៈសំខាន់នៃការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព”។
លោក Marco Lambertini ដែលជាអគ្គនាយកអង្គការ WWF International បានមានប្រសាសន៍ថា “អង្គការ WWF មានភាពរីករាយក្នុងការរួមដៃគ្នាជាមួយក្រុមហ៊ុន Toyota ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងដែលចាំបាច់ ក្នុងការទប់ស្កាត់ការបំផ្លិចបំផ្លាញដ៏គ្រោះថ្នាក់នៃប្រព័ន្ធធម្មជាតិ ដែលយើងទាំងអស់គ្នាពឹងផ្អែកលើ”។ “យើងត្រូវការស្ថាប័នក្នុងវិស័យឯកជនជាច្រើនទៀតដូចជាក្រុមហ៊ុន Toyota ដើម្បីបង្កើន និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនេះ ក្នុងការជួយធ្វើឱ្យពិភពលោកដែលមានសុវត្ថិភាព មានសុខភាព និងមាននិរន្តរភាពជាងមុនក្លាយជាការពិតសម្រាប់មនុស្សជំនាន់ក្រោយ និងភពផែនដីដែលយើងកំពុងរស់នៅ”។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Toyota Environmental Challenge 2050 សូមចូលទៅកាន់ https://global.toyota/en/sustainability/esg/challenge2050/, and https://www.wwf.or.jp/campaign/lafp/english/ អំពីគម្រោង Living Asian Forest Project របស់អង្គការ WWF។